31-07-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ដឹកនាំដោយលោក TSUI FUNG (ឈុយ ហ្វង់) ប្រធានប្រតិបត្តិនៃសមាគម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការក៏បានថ្លែងអំណរគុណដល់សមាគមដែលតែងតែខិតខំកៀរគរវិនិយោគិនក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យាឱ្យមកបណ្តាក់ទុកនៅកម្ពុជាក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ បន្ទាប់មក ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលក្នុងការថែទាំដល់វិនិយោគដែលមានស្រាប់ ព្រមទាំងជំរុញ និងទាក់ទាញវិនិយោគថ្មីបន្ថែម។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានមានប្រសាសន៍ថាថ្វីត្បិតតែវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យាទើបតែចាប់ផ្តើមមានវត្តមាននៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវិស័យនេះបាននិងកំពុងរួមចំណែករុញច្រានឧស្សាហកម្មកម្ពុជាឱ្យឈានដល់កម្រិតមួយថ្មី និងមានតម្លៃបន្ថែមកាន់តែប្រសើរជាងមុន។
លោក TSUI FUNG បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមនាពេលនេះ។ លោកបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីសកម្មភាពរបស់សមាគមដែលបាននិងកំពុងមានប្រតិបត្តិការនាពេលបច្ចុប្បន្ន។ សមាគមផលិតគ្រឿងអេទ្បិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជាត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នសមាគមមានក្រុមហ៊ុនជាសមាជិកចំនួន៤៦ ដែលស្ថិតក្នុងវិស័យអេទ្បិចត្រូនិក និងបច្ចេកវិទ្យា។ លោកក៏បានចែករំលែកនូវបញ្ហាមួយចំនួនដែលក្រុមហ៊ុនអេឡិចត្រូនិក ជួបប្រទះក្នុងសកម្មភាពប្រតិការអាជីវកម្មរបស់ខ្លួននាពេលកន្លងមក ពិសេស ក្នុងបរិការណ៍បប្ចុប្បន្ន។ ទោះជាយ៉ាងនេះ សមាគមនៅតែបានបង្ហាញនូវការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ។