31-07-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយគណៈប្រតិភូ SBF ដឹកនាំដោយលោក Soo Wei-Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់ជូនចំពោះគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ពិសេស កាលានុវត្តភាពវិនិយោគ។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសិង្ហបុរីក្នុងគ្រប់កម្រិត និងគ្រប់វិស័យ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានពិពណ៌នាអំពីសក្ដានុពលរបស់កម្ពុជាដែលស្តែងចេញតាមរយៈស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, គោលនយោបាយនិងវិធានការគាំទ្រវិនិយោគ, និងច្បាប់វិនិយោគដែលបើកចំហ តម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការបានគូសបញ្ជាក់ដោយសង្ខេបអំពីកំណើនយ៉ាងគំហុកនៃការវិនិយោគក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ទាំងការវិនិយោគក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស ហើយក្នុងនោះការវិនិយោគមកពីសិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី៣ និង៤ ជាបន្តបន្ទាប់។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីភាពជោគជ័យនៃគោលនយោបាយអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលត្រូវបានដាក់ចេញតាំងពីចុងឆ្នាំ២០០៥ ហើយមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ ជាក់ស្តែង គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសភាគច្រើនជាគម្រោងវិនិយោគមិនមែនជាឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ផ្ទុយទៅវិញជាគម្រោងដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប ដូចជា ការផលិតសំបកកង់រថយន្ត ផ្គុំដំឡើងយានយន្ត ផ្គុំដំឡើងកង់ សម្ភារៈបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម។ មួយវិញទៀត ជាព័ត៌មានបន្ថែម ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ហើយរាជរដ្ឋាភិបាលនឹងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តពិសេសនានាដើម្បីជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ ក្នុងន័យដូចបានរៀបរាប់ខាងលើនេះ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ថា គណៈប្រតិភូ SBF នឹងចាប់ផ្តើមមានការជឿជាក់ ហើយអាចឈានទៅពង្រីកមូលដ្ឋានអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ខ្លីខាងមុខក្នុងវិស័យជាក់លាក់ណាមួយ។
ជាការឆ្លើយតប លោក Soo Wei-Chieh ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការវិនិយោគកម្ពុជាដែលបានទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវបទអត្ថាធិប្បាយយ៉ាងពិស្តារពីបរិស្ថានវិនិយោគនៅកម្ពុជា។ លោកក៏បានថ្លែងនូវការកត់សម្គាល់អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេលប្រមាណជាង១ទសវត្សរ៍ចុងក្រោយនេះ ជាពិសេសការលើកកម្ពស់បរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញនិងមានភាពប្រកួតប្រជែងខ្ពស់ជាងមុន។ លោកជឿជាក់ថាព័ត៌មានគ្រប់ជ្រុងជ្រោយដែលទទួលបាននឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា គណៈប្រតិភូ SBF ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នាឱកាសនេះជាសហគ្រាសដែលមានមុខសញ្ញាវិនិយោគក្នុងវិស័យកម្មន្តសាល, សុខាភិបាល, ទេសចរណ៍, បដិសណ្ឋារកិច្ច, អប់រំ, ព័ត៌មានវិទ្យា, កសិ-ចំណីអាហារ និងសេវា។