24-07-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវិនិយោគិនចិនមីននៅកម្ពុជា ដឹកនាំដោយលោក Luo Chan Fa (ល័រ ឆានហ្វា) ប្រធានប្រតិបត្តិនៃសមាគម។ សូមបញ្ជាក់ថា សមាជិកសមាគមវិនិយោគិនចិនមីននៅកម្ពុជាមានក្រុមហ៊ុនជាសមាជិកចំនួនប្រមាណ១៣០ ដែលភាគច្រើនជាវិនិយោគិនចិនមកពីខេត្តហ៊្វូជាន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការបានអបអរសាទរដែលសមាគមបានធ្វើពិធីប្រកាសបើកដំណើរការជាផ្លូវការ និងបានប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិទី១ នាពេលថ្មីៗកន្លងមកនេះ ហើយឯកឧត្តមអគ្គលេខាធិការសង្ឃឹមថា តាមរយៈការខិតខំរបស់សមាគម កម្ពុជានឹងអាចទទួលបាននូវការវិនិយោគចិនបន្ថែមទៀតជាបន្តបន្ទាប់ បន្ថែមលើកំណើននៃរំហូរវិនិយោគចិនមកកម្ពុជានាពេលបច្ចុប្បន្ន។ ដោយសារវិនិយោគគិនខេត្ត ហ្វូជាន មានជំនាញ និងបទពិសោធន៍ក្នុងការកែច្នៃថ្មម៉ាប ឯកឧត្តមអគ្គលេខាធិការបានជំរុញឱ្យសមាគមធ្វើការជួយទាក់ទាញវិនិយោគិនខេត្ត ហ្វូជាន មកធ្វើការវិនិយោគលើការកែច្នៃថ្មម៉ាបនៅកម្ពុជាដើម្បីនាំចេញទៅទីផ្សារចិន។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យវិនិយោគិនខេត្ត ហ្វូជាន គិតគូរបណ្តាក់ទុនវិនិយោគបង្កើតជាចង្កោមឧស្សាហកម្មមួយដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនបន្ថែមទៀតថា ស្ថិតក្នុងបរិបទបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់បរិស្ថានវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យបានច្រើនជាអតិបរមា។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានស្វាគមន៍ចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសហ្វូជាននៅកម្ពុជាផងដែរ និងបានស្នើឱ្យក្រុមហ៊ុនបំពេញបែបបទស្នើសុំវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមនីតិវិធីជាធរមាន។
លោក Luo Chan Fa បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមវិនិយោគិនចិនមីននៅកម្ពុជា។ លោកបានជម្រាបជូនថា សមាគមមានបេសកកម្មរួមគ្នាដើម្បីចងជាសម្ព័ន្ធភាព និងពង្រឹងមិត្តភាពរវាងប្រជាជនខេត្ត ហ្វូជាន និងប្រជាជនកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិនពីខេត្ត ហ្វូជាន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ សមាជិកសមាគមវិនិយោគិនចិនមីននៅកម្ពុជាភាគច្រើនសុទ្ធតែបានបណ្តាក់ទុនវិនិយោគនៅកម្ពុជារួចហើយ។ បច្ចុប្បន្នសមាគមបាន និងកំពុងខិតខំកៀរគរសមាជិក ក៏ដូចជាវិនិយោគិនចិនមកពីខេត្ត ហ្វូជាន ដើម្បីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។