23-07-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី លី ជៀ (Li Jie) ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោកស្រី លី ជៀ បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលវេលាមួយដ៏សមស្របបំផុត។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ដោយប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ ឯកឧត្តមអគ្គលេខាធិការបានបន្តទៀតថា ដោយសារទំហំវិនិយោគរបស់ចិនមកកម្ពុជាមានទំហំធំ ហើយការនាំចូលពីចិនក៏មានទំហំធំផងដែរនោះ រាល់ជំនួបជាមួយគណៈប្រតិភូចិន ឯកឧត្តមអគ្គលេខាធិការតែងតែស្នើដោយទទូចឱ្យមានការគិតគូរប្រើប្រាស់វត្ថុធាតុ ឬផលិតផលពាក់កណ្តាលសម្រេចក្នុងស្រុកជាធាតុចូលផលិតកម្មឱ្យបានច្រើនជាអតិបរមា ជាជាងការនាំចូល ដើម្បីចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក និងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់។
លោកស្រី លី ជៀ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ និងបានជម្រាបថាក្រុមហ៊ុន Xingtai Shunhe Biotechnology Co., Ltd. គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ថាមពល (ប្រេងឥន្ធនៈពីអេតាណុល) នៅប្រទេសចិន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានស្ថានីយប្រេងឥន្ទនៈផ្ទាល់ខ្លួនចំនួន៧២ ផងដែរនៅប្រទេសចិន។ ក្រុមហ៊ុនមានបំណងវិនិយោគនៅកម្ពុជាក្នុងវិស័យថាមពលស្អាត និងថាមពលកកើតទ្បើងវិញ ជាពិសេសសំដៅលើកកម្ពស់សុវត្ថិភាពថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងធានាកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ លោកស្រីប្រធានបានបញ្ជាក់បន្ថែមទៀតថា ផលិតផលប្រេងឥន្ធនៈពីអេតាណុលនេះអាចយកទៅប្រើប្រាស់សម្រាប់រថយន្ត ទូក កប៉ាល់ យន្តហោះ និងការចម្អិតអាហារ។ តាមរយៈជំនួបពិភាក្សាការងារនាពេលនេះ ក្រុមហ៊ុនកាន់តែមានឆន្ទៈខ្ពស់ក្នុងការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលជាមួយប្រទេសកម្ពុជា ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពលនាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងដែលលោកស្រី លី ជៀបានលើកទ្បើង។ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់បម្រើសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ដែលក្នុងនោះមានដូចជា ដំឡូងមី អំពៅ និង ពោត ។