20-06-2025
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានសហការជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីរៀបចំសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន, អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ប្រមាណ ៨០រូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីគោលគំនិតនៃក្របខណ្ឌសួនឧស្សាហកម្មបៃតង (Eco-Industrial Park – EIP) និងពិភាក្សាអំពីគោលនយោបាយ និងបទប្បញ្ញត្តិអាទិភាព ក្នុងការជំរុញការវិនិយោគបៃតងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។
ក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានមានមតិស្វាគមន៍ និងសម្តែងអំណរគុណដល់ IFC ក្នុងការសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្មនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាការកត់សម្គាល់ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ ២៣% ទៅ ២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំ ២០២២ ដល់ ២០២៤ កន្លងទៅ។ ក្នុងទិដ្ឋភាពវិនិយោគ ឯកឧត្តមបានលើកឡើងពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតង ដែលរួមមានការវិនិយោគក្នុងវិស័យថាមពលបៃតង, បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ, ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ជាដើម។ មុននឹងបញ្ចប់ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា ការរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នឹងធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស កម្ពុជាសម្រេចបានសក្តានុពលពេញលេញ ជាកត្តាជំរុញនៃកំណើនប្រកបដោយចីរភាព បៃតង និងបរិយាបន្ន។