01-04-2025
នៅថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដឹកនាំដោយ ឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកចំនួន ៤ក្រុមហ៊ុន ដែលមានទីតាំងនៅរាជធានីភ្នំពេញ ចំនួន២ ក្រុមហ៊ុនរួមមាន ១) ក្រុមហ៊ុន SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD (ផលិតគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនីធ្វើពីប្លាស្ទិក) និង២) ក្រុមហ៊ុន MARUSAN PLASTIC (PHNOM PENH) CO.,LTD (ផលិតសម្ភារៈ បន្សំរបស់រថយន្ត និងសម្ភារៈសំណង់), នៅខេត្តកណ្តាលចំនួន ១ក្រុមហ៊ុន គឺក្រុមហ៊ុន GTV MOTOR CO.,LTD (ផ្គុំ និងតម្លើងរថយន្ត SUV និង Mini SUV) និងនៅខេត្តតាកែវចំនួន ១ក្រុមហ៊ុន គឺក្រុមហ៊ុន KUANTECH (CAMBODIA) CORPORATION LIMITED (ផលិត និងផ្គុំដំឡើងឧបករណ៍បញ្ចូលភ្លើង កុំព្យូទ័រ និងទូរស័ព្ទ) ។ ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីស្ថានភាពជាក់ស្តែងរបស់បណ្តាក្រុមហ៊ុនក្នុងវិស័យយានយន្តនិងអេឡិចត្រូនិក រួមមាន កត្តាផលិតកម្ម ខ្សែច្រវ៉ាក់ផលិតកម្ម ទីផ្សារ បញ្ហាប្រឈម ចក្ខុវិស័យអាជីវកម្ម និង សំណូមពរ ជាដើម ដែលព័ត៌មាននេះនឹងជាធាតុចូលបន្ថែមសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព ២ ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។ ដំណើរទស្សនកិច្ចសិក្សានេះ បានបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយក្រុមហ៊ុនទាំងអស់បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្ដល់សេវាសាធារណៈ និងការយកចិត្តទុកដាក់ថែទាំដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា និងបានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនផងដែរ។