16-05-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute -JDI) ដឹកនាំដោយលោកបណ្ឌិត Shoichi KOBAYASHI ប្រធានវិទ្យាស្ថាន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន BELT ROAD CAPITAL MANAGEMENT ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវិទ្យាស្ថាន JDI ដែលបានអញ្ជើញមកសិក្សាស្វែងយល់ពីបរិស្ថានវិនិយោគ នៅកម្ពុជា ពិសេស ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាបច្ចុប្បន្ន។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីសាវតារនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាតាំងពីចុងឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលមានគោលបំណងសំខាន់ធ្វើពិពិធកម្មឧស្សាហកម្ម និងពិពិធកម្មប្រភពទុនវិនិយោគ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីជោគជ័យរបស់គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា ហើយគម្រោងទាំងនោះពិតជាបានចូលរួមធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា ដោយបានស្រូបទាញនូវឧស្សាហកម្មថ្មីៗមួយចំនួន ដូចជា ការដំឡើងយានយន្ត, ការផលិតសំបកកង់យានយន្ត, ការដំឡើងកង់, ការផលិតគ្រឿងសង្ហារិម, ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី។ល។
យ៉ាងណាមិញ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវការកត់សម្គាល់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះការវិនិយោគថ្មីរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានៅមានកម្រិត បើទោះបីជាមានការពង្រីកសកម្មភាពរបស់ការវិនិយោគជប៉ុនដែលមានស្រាប់។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យគណៈប្រតិភូជួយជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញការវិនិយោគជប៉ុន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
មានមតិក្នុងកិច្ចប្រជុំ លោកបណ្ឌិត Shoichi KOBAYASHI ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ ព្រមទាំងបានផ្តល់ជូននូវព័ត៌មានពិស្តារពាក់ព័ន្ធនឹងបរិស្ថានវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ គណៈប្រតិភូ បានសាទរនូវជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានាពេលកន្លងមក និងបានទទួលយកនូវការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ដោយសន្យាថានឹងខិតខំចូលរួមជំរុញឱ្យមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ជូនថា JDI គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ជប៉ុន ដែលបានចូលរួមក្នុងគម្រោងកសាងជាតិ (nation-building projects) នៅក្នុងប្រទេសនានា រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ វិទ្យាស្ថាននេះផ្តោតសំខាន់ទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលវិទ្យាស្ថានជឿជាក់ថាអាចទាក់ទាញវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កើតការងារ។