06-06-2025
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំរោង សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងតបតាមសំណើរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងការធ្វើបាឋកថាស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ កម្មវិធីបាឋកថានេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម តឹម អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ, សាស្ត្រាចារ្យ បុគ្គលិក សិស្ស និស្សិត នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រប្រមាណ៨០នាក់។
គោលបំណងនៃកម្មវិធីបាឋកថានេះគឺដើម្បីចែករំលែកនូវបទពិសោធន៍ការងារ ក៏ដូចជាជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិស្ថានវិនិយោគនិងធុរកិច្ចនៅកម្ពុជា ក្នុងការបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគសំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនដោយសង្ខេបអំពីកត្តាកំណត់ការវិនិយោគបរទេស, តួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តន៍ច្បាប់នេះ, ការលើកទឹកចិត្តវិនិយោគប្រកបដោយភាពទាក់ទាញ, និងស្ថានភាពបច្ចុប្បន្ននៃការវិនិយោគក្នុងវិស័យផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការរងក៏បានលើកឡើងពីកំណើននៃការវិនិយោគក្នុងឧស្សាហកម្មថ្មីៗជាច្រើនដែលប្រើបច្ចេកវិទ្យាទំនើប និងបង្កើតតម្លៃបន្ថែមខ្ពស់ជាងមុន ដែលការណ៍នេះអាចជាមូលដ្ឋានសម្រាប់ប្អូនៗសិស្ស និស្សិតគិតគូរអំពីការតម្រែតម្រង់ជំនាញរបស់ខ្លួនឱ្យស្របតាមតម្រូវការទីផ្សារជាក់ស្តែង។
ជាកិច្ចបន្ទាប់ លោក ហៀន សុប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយបានផ្តល់នូវព័ត៌មានពិស្តារជាច្រើន ជាពិសេស ការលើកឡើងអំពីតួនាទីដ៏សំខាន់នៃកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមធ្វើពិពិធកម្មឧស្សាហកម្ម, ការធ្វើពិពិធកម្មប្រភពទុនវិនិយោគ និងទីផ្សារនាំចេញ។
មុននឹងបញ្ចប់ លោកសាស្ត្រាចារ្យ និងប្អូនៗសិស្ស និស្សិត មួយចំនួនក៏បានលើកជាសំណួរជាច្រើនពាក់ព័ន្ធនឹងប្រធានបទនៃបឋកថានាថ្ងៃនេះ។