30-05-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១៥៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៧,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (រោងចក្រកែច្នៃលោហធាតុ, ផលិតក្រដាសកាតុង, ផលិតផលិតផលពិធីបុណ្យនានា-សម្លៀកបំពាក់បុណ្យ Halloween តុក្កតា ទៀន និងសម្ភារៈបន្ទាប់បន្សំ, ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈក្មេងលេង, ផលិតកម្រាលជ័រ និងបន្ទះក្តារ, ផលិតថ្នាំលាប និងទឹកថ្នាំ (ពីសារធាតុគីមី), ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតកង្ហារគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិត និងផ្គុំដំទ្បើងកង្ហារ និងផលិតតុក្កតាគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០០មេហ្កាវ៉ាត់ ខេត្តបាត់ដំបង)។
គម្រោងវិនិយោគទាំង១២ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង។