12-05-2025
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិន។ ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជាក្នុងតំបន់សេដ្ឋកិច្ចនាងកុក កោះកុង ប្រមាណជាង ១០ឆ្នាំ និងបានមានវត្តមាននៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិតប្រមាន ៤០ឆ្នាំមកហើយ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនបានមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។ ក្នុងន័យនេះឯកឧត្តមអគ្គលេខាធិការក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំងសម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោក Yoshimoto Ito ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន និងបានសម្តែងនូវសេចក្តីរីករាយដែលឯកឧត្តមអគ្គលេខាធិការបានគាំទ្រគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។