30-04-2025
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Will Nankervis អនុរដ្ឋលេខាធិការ (Assistant Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ទទួលបន្ទុកផ្នែកទំនាក់ទំនង និងវិភាគសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ និងជាអតីតឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំតំបន់អាស៊ាន អមដោយ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោកស្រី Carolyn Bagster លេខាទូតទី១ ទទួលបន្ទុកការិយាល័យពាណិជ្ជកម្មនិងវិនិយោគនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ។
ជំនួបនារសៀលនេះ មានគោលបំណងដើម្បីពិភាក្សានិងស្វែងយល់អំពីគោលនយោបាយ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា សំដៅជំរុញទាក់ទាញវិនិយោគិនអូស្រ្តាលីឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្នុងវិស័យសក្ដានុពលនៅកម្ពុជា ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម, វិស័យថាមពលបៃតង, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យទេសចរណ៍ ជាដើម។
ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ក៏បានជម្រាបជូនភាគីអូស្រា្តលីផងដែ អំពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងផ្តល់កិច្ចសម្រួលវិនិយោគ និងគំរោងរៀបចំកម្មវិធីជំរុញនិងទាក់ទាញវិនិយោគនៅប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរយោបល់គ្នាផងដែរ ពីបរិការណ៍វិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពមិនប្រាកដប្រជានៃការអនុវត្តប្រព័ន្ធពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តម អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្ដល់ការគាំទ្រទៅលើកិច្ចការទាក់ទាញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងការចូលរួមចំណែកលើកកម្ពស់សមត្ថភាពស្ថាប័ន តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕